ថ្នាក់បើកបរឡាន

បន្ទាប់ពីកិច្ចចរចា តថ្លៃជាងពីរសប្តាហ៍ជាមួយម្ចាស់រថយន្តម្នាក់ ពេលនេះខ្ញុំទទួលបាន ឡានមួយគ្រឿង ម៉ាក ឡូស៊ីស ៣០០ ពណ៌ខ្មៅ  ដូចអ្វីដែលខ្ញុំរំពឹងទុកកាលពីរឆ្នាំមុន។ រថយន្តមួយនេះ គឺជាកាដូដែលប្តីខ្ញុំ ទិញអោយតាមពាក្យសន្យាថានឹងអោយខ្ញុំនិងកូនមានអារម្មណ៍ផាសុកភាព។ ជាការពិត ខ្ញុំមានអារម្មណ៍កក់ក្តៅ ពេលទទួលបានវា ព្រោះគិតថា ខ្ញុំនឹងលែងជិះ តុក តុកឬម៉ូតូ នាំកូនទៅចាក់ថ្នាំទៀតហើយ។

កំពុងតែមានអារម្មណ៍ល្អ ភ្លេចគិតថា មានការងារចាំបាច់មួយដែលរងចាំខ្ញុំ គឺការបើកបរឡាននេះឯង។ ប្តីរបស់ខ្ញុំផ្តល់អាទិភាពអោយខ្ញុំជិះរថយន្តមួយនេះទៅធ្វើការ ខណៈពេលខ្ញុំមិនចេះអ្វីបន្តិចសោះ។ ដូច្នេះ ពយ ឯង ដល់ពេលចូលសាលា ឲ្យគ្រូបង្ហាត់បន្តិចហើយ!!!

ចៃដន្យមានសាលាបើកបរមួយទើបតែបើកសាខានៅជិតផ្ទះ គឺម្តុំ North Bridge ជិះតែ៥ នាទីដល់សាលាហើយ ខ្ញុំក៍ជ្រើសរើសរៀនសាលានោះ តែការពិតសាលានេះមានជាប់ពាក់ពន្ធ័យ៉ាងជិតសិទ្ធិ នឹង វិទ្យុ ABC ដែលខ្ញុំមិនសូវចូលចិត្តឡើយ ណាមួយទើបល្បីល្បាញប៉ុន្នានសប្តាហ៍មកនេះ រឿងពិធីការិនី ផ្លោះតុ រត់ទៅដណ្តើមមេក្រូស្រែកប្រកាសពត៌មាន ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ ពិធីការិនីស្រុកខ្មែរអស់រលីង។ តែយ៉ាងណា ខ្ញុំអាចបែងចែក ពីភាពមិនចូលចិត្ត និង ការសិក្សា។driving-class

ថ្ងៃដំបូងរបស់ខ្ញុំ គឺថ្ងៃសៅរ៍ ទី ២៩ ខែមករា ខ្ញុំសម្រេចចិត្តរៀនទៅពីរម៉ោង ព្រោះមិនសូវសំបូរពេលប៉ុន្នាន ហើយជិតដល់ចូលធ្វើការទៀត យ៉ាងណា នឹងរឹតតែរវល់។ មិនទាន់រៀនបើកភ្លាមៗ គ្រូណែនាំពីការប្រើប្រាស់គ្រឿងខាងក្នុងដែលអាចបញ្ជារថយន្តទៅមុខបាន ដូចជា

  • ការបើកកុងតាក់ចាក់សាំង(នៅក្រោមជើង)
  • ការសំរួលកៅអីដើម្បីអង្គុយស្រួលបើក(កុំអោយឆ្ងាយពេក ព្រោះអាចមើលផ្លូវមិនឃើញ)
  • បិទបើកកញ្ចក់
  • សញ្ញាកាច់ស៊ីញូ(ឆ្វេងស្តាំ)
  • ភ្លើងហ្វា ភ្លើងឌីមី
  • ការប្រើប្រាស់ចង្គូមឡាន
  • ជាន់ហ្គ្រែ ជាន់ហ្វ្រាំងជើង ជាន់ហ្វ្រាំងដៃ(សម្រាប់ចតចោលពេលយើងមិននៅ ឬកុំអោយរអិល)
  • ត្រួតពិនិត្យ (កុងទ័រសាំង កុងទ័រល្បឿន និងកុងទ័រហ្គ្រែ)
  • លេខអូតូ មាន៥ លេខ ( P ជាលេខសម្រាប់ចត Rជាលេខសម្រាប់ថយក្រោយ Nជាលេខឈប់ ពេលកំពុងរងចាំភ្លើងស្តុប  Dជាលេខទៅមុខ  2 ជាលេខឡើងនិងចុះចង្កោត L ជាលេខបើកក្នុងផ្លូវឧបសគ្គ ដូចជា ផ្លូវភក់ជាដើម )
  • ចំនុចពិសេសមួយគឺ ការដើរចូលឡាន ត្រូវដើរក្រឡឹងមួយជុំព្រោះត្រូវប្រាកដរថយន្តយើងមិនមានបញ្ហាអ្វី ឬមានកង់ម៉ូតូនៅពីក្រោយ (ចំនុចនេះសំខាន់បើសិនដើរពីមុខឡាន ប្រាកដជាប្រលងធ្លាក់ជាមិនខាន)។

នៅមានច្រើនទៀត ចាំមិនអស់ទេលោកអើយ តែត្រូវបានគ្រូណែនាំថា មាននៅក្នុងសៀវភៅ ដូច្នេះ លុះត្រាតែអានសៀវភៅនោះបន្ថែម ដើម្បីប្រលង QCMជាប់។

ដល់វគ្គបើកឡានម្តង វគ្គនេះរាងពិបាកបន្តិចបន្តិច  គឺត្រូវប្រើស្មារតីឲ្យខ្លាំងមែនទែន សំខាន់ត្រូវក្លាហាន និងឆ្លាតវៃពេលដែលជួបឧបសគ្គ។ ទាំងការបើកទៅមុខ កាច់ធ្វេង ស្តាំ និងថយក្រោយ ខ្ញុំនឹងមិនទាន់ចាំស្ទាត់ទេ និងចាប់បានច្រើនទេ វាថ្មីសម្រាប់ខ្ញុំពេកហើយ។

ភាគរយនៃការរីកចំរើនរបស់ខ្ញុំប្រហែលតិចណាស់ ព្រោះខ្ញុំ នៅភ័យ នឹងពិបាកគ្រប់គ្រងស្ថានភាពខ្លាចនៅឡើយ។ គ្រូតែងតែតឿនថា កុំផ្អើលៗ មួយៗសន្សឹមៗថ្ងៃដំបូងគឺបែបនេះហើយ។

សង្ឍឹមថា ខ្ញុំនឹងរឹងមាំជាងនេះ នូវម៉ោងបន្ទាប់!!!

 

ការពិតនេះជាការឆ្លើយសំណួរពីអង្គការអភិវឌ្ឈន៏ធនធានយុវជនYRDP ទាក់ទងជាមួយការងារស្មគ្រ័ចិត្ត ហើយចង់អោយអ្នកទាំងអស់គ្នាបានអាននិងស្វែងយល់ពីតំលៃនិងបទពិសោធន៍របស់ខ្ញុំជាមួយការងារស្មគ្រ័ចិត្តរយៈពេល១ឆ្នាំបួនខែ គិតតាំងពីខែសីហាឆ្នាំ២០១២ រហូតមក ដល់បច្ចុប្បន្ន។

កញ្ញា ស៊ន សុខឃៀង

 

និស្សិតសារព័ត៌មាន នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា

ទស្សនៈយល់ឃើញចំពោះការងារស្មគ្រ័ចិត្ត

១.តើការងារស្មគ្រ័ចិត្តមានន័យយ៉ាងណាចំពោះអ្នក?

១.ការងារស្មគ្រ័ចិត្តចំពោះខ្ញុំមានន័យថាជាការងារដែលលះបង់ដោយកំលាំងកាយចិត្តក្នុងការចង់បាននូវបទពិសោធន៏ ការអភិវឌ្ឃន៍សមត្ថភាព ជាពិសេសអាចអោយយើងរៀនអ្វីដែលថ្មី ជាពិសេសវាអាចធ្វើអោយខ្ញុំដឹងថាខ្លួនឯងត្រូវធ្វើអ្វីនៅថ្ងៃអនាគត និងចាប់ផ្ដើមគិតថា ខ្លួនឯងចង់ធ្វើអ្វីបានច្បាស់លាស់។

តើអ្នកមានអារម្មណ៍បែបណាចំពោះការងារស្មគ្រ័ចិត្ត?

២. ខ្ញុំមានអារម្មណ៏សប្បាយនិងរីករាយក្នុងការធ្វើការងារស្មគ្រ័ចិត្តមិនថានៅក្នុងអង្គការឬស្ថាបន័ណាឬជាការងារជាក្រុមទេ សុទ្ធតែផ្តល់អត្ថប្រយោជន៏ក្នុងការយកវាទៅប្រើប្រាស់ ហើយតែងតែជឿជាក់ថា អ្នកស្ម័គ្រចិត្តអាចមានឱកាសចេញទៅធ្វើការក្រៅប្រទេសព្រោះជាទូទៅ ខាងអង្គការមានបណ្ដាញអ្នកស្ម័គ្រចិត្តបរទេស ដែលតែងតែផ្លាស់ប្ដូរអ្នកស្ម័គ្រចិត្តគ្នាទៅវិញទៅមក។

តើចំណេះដឹងអ្វីបានមកពីការងារស្មគ្រ័ចិត្ត?

៣. ចំណេះដឹងដែលបានពីការងារស្ម័គ្រចិត្ត បានបង្រៀន និង ផ្ដល់ឱកាសឲ្យរូបខ្ញុំបានចូលរួមកម្មវិធីសង្គមជាច្រើន ជាពិសេសធ្វើឲ្យរូបខ្ញុំបានដឹងពីរបៀបទំនាក់ទំនង ចងក្រងជាបណ្ដាញ ធ្វើការងារជាក្រុម បង្កើនសមត្ថភាព និងបានរៀនសូត្រការងារចាំបាច់មួយចំនួនដែលជាតម្រូវការនាពេល អនាគត។

ចូររៀបរាប់ចំណេះដឹងដែលរៀនបានពីការស្មគ្រ័ចិត្តអោយបានបី?

៤. ចំណេះដឹងចំនួនបីដែលអាចផ្លាស់ប្តូរក្នុងកំឡុងពេលធ្វើការងារ

ការធ្វើការងារជាក្រុម
ការសំរបសំរួលក្នុងសិក្ខាសាលា
ជំនាញគ្រប់គ្រងថវិកា
តើអ្វីដែលអ្នកមានមោទនភាពជាងគេក្នុងការធ្វើការងារស្មគ្រ័ចិត្ត?

៥.សមិទ្ធផលដែលខ្ញុំមានមោទនភាពជាងគេគឺការដែលធ្វើជាអ្នកសំរបសំរួលក្នុងកម្មវិធីយុវជន ពីដំបូងខ្ញុំពិតជាគិតថាខ្ញុំធ្វើមិនបាន តែកាលៈទេសៈអំនោយផល និង យកឈ្នះភាពទន់ ខ្សោយរបស់ខ្លួន ទីបំផុតខ្ញុំក៏ធ្វើវាបាន ក្នុងចំណោមមនុស្សជាច្រើនដោយមានភាពភ័យខ្លាច តែក្រោយមកខ្ញុំចាប់ផើ្តមអនុវត្តការនិយាយរបស់ខ្ញុំអោយរលូន ទីបំផុតបច្ចប្បន្នខ្ញុំក៏ជោគជ័យជាមួយការសំរបសំរួលនៅក្នុងវិទ្យុ ដោយបង្ហាញពីទេពកោសល្យ និងចំនង់ចំនូល ទើបធ្វើអោយការងាររបស់ខ្ញុំ ប្រព្រឹត្តទៅបានល្អ។

ការជឿទុកចិត្តចំពោះការនិយាយស្តី ឬ ការសំរេចចិត្តទៅលើការងារណាមួយដោយមិនមានការបងំ្ខពីនរណា ឬ ឆាប់ជឿគេដូចពីមុន។ រាល់ការនិយាយស្តីគឺស្ថិតទៅកាលៈទេស និងក្របសីលធម៌ផេ្សងទៀត ធ្វើយ៉ាងណាកុំអោយប៉ះពាល់ដល់អារម្មណ៏របស់គេ។ រីឯការសំរេចចិត្ត ត្រូវវិភាគដោយខ្លួនឯងម្តងហើយ ម្តងទៀត សាកសួរអ្នកមានបទពិសោធន៍ ជៀសវាងការសំរេចចិត្តខុស។

តើអ្វីដែលអ្នកគិតថាវាជាការប្រឈមជាមួយការងារស្មគ្រ័ចិត្ត?

៦- អ្វីដែលជាបញ្ហាប្រឈមធំបំផុតក្នុងការងារ នឹងជីវិត ក្នុងអំឡុងពេលការងារស្ម័គ្រចិត្ត គឺពេលវេលា។ ខ្ញុំមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រ និងសំរាប់គ្រួសារ ព្រោះតែភាគច្រើនខ្ញុំចុះទៅសហគមន៍តាមខេត្ត ដើម្បីទៅបង្រៀនក្មេងៗវិទ្យាល័យ ឬក៏សកម្មភាពផេ្សងរបស់អង្គការ។ ចំពោះការដោះស្រាយបញ្ហានេះ ខ្ញុំត្រូវពន្យល់ និងផ្តល់ហេតុផលទៅគ្រួសារពី អត្ថប្រយោជន៍នៃការងារស្មគ្រ័ចិត្ត ជាពិសេសបង្ហាញពីសកម្មភាព(រូបថត) ទៅពួកគាត់ដើម្បីកាត់បន្ថយពីភាពព្រួយបារម្ភ រីឯការសិក្សាខ្ញុំត្រូវទទួលស្គាល់ការពិត ព្រោះតាំងពីចូលប្រឡូកជាមួយការងារស្មគ្រ័ចិត្ត ខ្ញុំចាប់ផើ្តមខ្សោយជាងមុន ពិន្ទុក៏មិនលល្អ ព្រោះតែមិនមានពេលអានសៀវភៅ និង ធ្វើលំហាត់ជូនគ្រូមិនទាន់ពេល។ ដំណោះស្រាយរបស់ខ្ញុំមានតែការឆ្លៀតពេលនិងទុកអាទិភាពល់អ្វីដែលសំខាន់ បន្ទាប់មក ខិតខំបន្ថែម ដើម្បីស្តារចំនេះដឹងត្រលប់មកវិញ។

សំណូមពរ

៧- មិនថាខ្ញុំ ឬយុវជនដទៃពិតជាត្រូវការជំនួយពីផ្នែកពង្រឹងសិទ្ធិអំណាចយុវជន/កម្មវិធីអភិវឌ្ឍន៍ធនធានយុវជនណាស់ ជាសំណូមពរសូមអោយមានវគ្គបណ្តុះបណ្តាលកាន់តែច្រើននិងថ្មី ក្នុងការផ្តល់អោយពួកគេកាន់តែមានភាពឯករាជ្យ ភាពជាម្ចាស់ការដោយខ្លួនឯង និងបច្ចេកទេសក្នុងការធ្វើការងារជាមួយអង្គការ ដទៃ។

Love perspective

Question : What does Love need?

Answer: Owing to my research of Psychologist love needs:

Care
Understanding each other
Romance
Confidence
Respect
Long term process
will have more depend on your LOVE situation

សញ្ញាទាំង៥ ដើម្បីបញ្ជាក់ថាជា «ស្នេហាពិត»

ដើម្បីចង់ដឹងថា និងសែ្វងយល់ថាតើស្នេហារបស់អ្នកជាស្នេហាពិត ឬជាឧបាយកល ឬជាការបោកបញ្ឆោត មានលាក់កំបាំងតណ្ហា ភាពងប់ងល់ ឬភាពទាក់ទាញយ៉ាងណានោះ សូមស្វែងយល់ពីចំណុចទាំងនេះដូចខាងក្រោម៖

ជាដំបូងយើងត្រូវដឹងពីភាពផ្ទុយ នៃស្នេហាពិតសិន។ វាមិនមែន ជាការស្អប់នោះទេ។ ភាពផ្ទុយនៃស្នេហាពិត ជាស្នេហាបរាជ័យ។ ស្នេហាបរាជ័យ អាចមកពីស្នេហា ដែលមិនមានភាពស្មោះត្រង់, មិនស្របតាមតម្រូវការ ឬស្នេហាដែលមានលក្ខខ័ណ្ឌ។

នៅពេលដែលអ្នកមានស្នេហាពិត គ្រប់ផ្នែកនៃសម្តីរបស់អ្នក តែងតែទាក់ទងទៅនឹង ដៃគូជីវិតរបស់អ្នក។ ឧទាហរណ៏៖ ពាក្យសម្តីដែលតែងតែនិយាយទាំងនោះ មានដូចជា៖

• «ខ្ញុំមិនខ្វល់ថា អ្នកផ្សេងគេគិតយ៉ាងណានោះទេ»
• «ខ្ញុំមិនចង់រស់នៅ ដោយគ្មានគាត់ ឬនាងនោះទេ»
• «ខ្ញុំចង់ចំណាយពេលវេលាឲ្យបានច្រើន ជាមួយគាត់ ឬនាងតាមដែលអាចធ្វើទៅបាន»
• «ខ្ញុំអាចនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីគាត់ ឬនាង»
• «ខ្ញុំមិនដែលធ្លាប់ធ្វើរឿងនោះពីមុនមកទេ ក្រៅពីជាមួយគាត់ ឬនាង»
• «គ្រប់ពេលវេលាណាក៏ដោយ ខ្ញុំចង់នៅក្បែរគាត់ ឬនាងជានិច្ច»

នៅពេលដែលមនុស្ស២នាក់ ស្រលាញ់គ្នាពិត វាគ្មានទេពាក្យថា «បើសិនជា» ឬ «ដរាបណា»។ ឧទាហរណ៏៖ «ខ្ញុំនឹងស្រលាញ់គាត់ ឬនាង បើសិនជា…» ឬ «ខ្ញុំនឹងស្រលាញ់គាត់ ឬនាង ដរាបណា…»។

អ្នកអាចដឹងថាអ្នកមានស្នេហា ប៉ុន្តែតើវាជាស្នេហាពិតឬទេ? ខាងក្រោមនេះជាសញ្ញាទាំង៥ ដែលបញ្ជាក់ថា វាជាស្នេហាពិត៖

១. ភាពស្មោះត្រង់៖
មានដៃគូស្នេហាជាច្រើន តែងតែពឹងផ្អែកទៅលើការកុហក។ ការកុហកទាំងនោះ អាចជាការកុហកដើម្បីលាក់បាំងរឿងពីអតីតកាលរបស់ខ្លួនម្នាក់ៗ មិនចង់ឲ្យដៃគូដឹង។ ប៉ុន្តែសួរថា តើធ្វើដូចនោះ អាចទទួលបានជីវិតស្នេហាជោគជ័យដែរទេ? ចម្លើយប្រាកដជា «មិនមែននោះទេ» ព្រោះគ្មានអ្វីអាចលាក់បាំងបានរហូតនោះឡើយ។

ជាពិសេស នៅពេលដែលរឿងទាំងនោះ ត្រូវបានដៃគូរបស់អ្នកដឹងនោះ វានឹងធ្វើឲ្យគាត់ ឬនាងបាត់បង់ទំនុកចិត្ត ស្ទើរតែដល់កំរិតសូន្យ។ ដូច្នេះវិធីដែលល្អ បើអ្នកទាំង២ពិតជាស្រលាញ់គ្នាខ្លាំងមែននោះ គ្មានអ្វីត្រូវលាក់បាំងនោះទេ ទោះវាមិនមែនជារឿងល្អក៏ដោយ។

២. គ្មានការប្រើអំណាច៖
ចំណុចនេះ មានន័យថា អ្នកមិនត្រូវព្យាយាមចង់គ្រប់គ្រងលើគាត់ ចង់យកឈ្នះ ឬចង់បញ្ជាលើគាត់នោះទេ។ ដូច្នេះបើអ្នកនឹងដៃគូរបស់អ្នកពិតជាមានភាពស្មើគ្នា គ្មានការគម្រាមកំហែង ឬចង់ឈ្នះចង់ចាញ់គ្នានោះ អ្នកប្រាកដជាខិតជិតទៅរកស្នេហាពិតហើយ។

៣. ស្នេហាត្រូវការមនុស្ស២នាក់សាមគ្គីគ្នា៖
មនុស្សមួយចំនួនយល់ថា ការធ្វើខ្លួនឯងឲ្យល្អ ឬឲ្យបានឥតខ្ចោះសម្រាប់មនុស្សដែលខ្លួនស្រលាញ់ ពិតជាទទួលបានជីវិតស្នេហាជោគជ័យ។ ប៉ុន្តែចំណុចទាំងនោះ បានត្រឹមតែ «ពាក់កណ្តាលមនុស្ស ឬមួយជំហៀងខ្លួនតែប៉ុណ្ណោះ» បើធៀបទៅនឹងខ្លួនមនុស្សទាំងមូល។

មធ្យោបាយដែលល្អ អ្នកទាំង២ត្រូវតែចាប់ដៃគ្នា សាមគ្គីគ្នា ព្យាយាមស្រលាញ់ និងការពារជីវិតស្នេហាអ្នកទាំង២រួមគ្នា ទើបបង្ហាញថា អ្នកទាំង២ពិតជាមានស្នេហាពិតនឹងគ្នាមែន។

៤. ស្មោះស្ម័គ្រនឹងគ្នា៖
ការលាក់បាំងមានច្រើនទម្រង់ និងច្រើនរបៀបសម្រាប់ជីវិតស្នេហា។ ឧទាហរណ៏៖ វាអាចមានដូចជា លួចមានសាហាយ, មានអារម្មណ៏ ឬចេតនាចង់ទាក់ទងគេ, ជជែងទាក់ទងជាមួយគេ តាមប្រព័ន្ធអនឡាញ ឬលួចលាក់រួមភេទជាមួយអ្នកផ្សេង។

បើអ្នកមានស្នេហាពិតប្រាកដមែន អ្នកមិនអាចធ្វើទង្វើអ្វី ដែលធ្វើឲ្យដៃគូជីវិតរបស់អ្នកឈឺចាប់នោះទេ ព្រោះអ្នកនឹងមានអារម្មណ៏ថាឈឺចាប់ដូចគ្នា នៅពេលដែលធ្វើទង្វើទាំងនោះ។ ដូច្នេះបើអ្នកពិតជាស្រលាញ់គាត់ ឬនាង អ្នកប្រាកដជាមិនអាចធ្វើទង្វើទាំងនោះរួចឡើយ។

៥. មានស្មារតី និងទឹកចិត្តជាក្រុម៖
នៅពេលដែលអ្នកទាំង២ មានការចាប់អារម្មណ៏ទៅលើអ្វីៗខុសគ្នា ហើយដៃគូរបស់អ្នកបែរជាមកគាំទ្រ និងលើកទឹកចិត្តអ្នកនោះ នោះជាសញ្ញាបញ្ជាក់ថា ជាស្នេហាពិត ព្រោះគាត់ ឬនាងហ៊ានបោះបង់អ្វីដែលគាត់ ឬនាងចាប់អារម្មណ៏ទាំងអស់ ដើម្បីរូបនេះ។

ផ្ទុយទៅវិញ បើដៃគូរបស់អ្នក មិនគាំទ្រអ្នក ឬមើលងាយការសម្រេចចិត្តរបស់អ្នកនោះ នោះមិនមែនជាស្មារតីក្រុមទេ ហើយអ្នកទាំង២ ក៏មិនចុះសម្រុងនឹងគ្នាដែរ។ ហើយកត្តាទាំងនេះ អាចស្ថិតនៅក្នុងស្នេហាមានលក្ខខណ្ឌទៅវិញ។

បើកត្តាទាំង៥ខាងលើនេះ មិនអាចបញ្ជាក់ថា អ្នកពិតជាមានស្នេហាពិតទេ កុំទាន់អស់សង្ឃឹមអី។ អ្នកអាចសាកល្បងចំណាយពេលវេលាឲ្យបានច្រើន ជាមួយដៃគូអ្នក ហើយព្យាយាមទំនាក់ទំនងឲ្យបានល្អជាប្រចាំថ្ងៃ។ កំឡុងពេលដែលអ្នកនៅក្បែរគាត់ ឬនាង អ្នកអាចស្វែងយល់ពីដៃគូរបស់អ្នកកាន់តែច្បាស់ថែមទៀត ដើម្បីបញ្ជាក់ថាស្នេហាអ្នកទាំង២ ពិតជា «ស្នេហាពិត»៕

ខ្ញុំបានដកស្រង់វាចេញពីទស្សនាវដ្តីមនោរម្យ ឃើញថាវាមានប្រយោជន៏សំរាប់ខ្ញុំផង និង មិត្តភក្ត័ដែលចង់ស្វែងយល់បន្ថែមពីទំនាក់ទំនងសេ្នហារបស់ខ្លួនជាពិសេសសេ្នហាពិតគឺជាសេ្នហាចុងក្រោយ ដែលយើងសំរេចចិត្តយកម្នាក់ហ្នឹងមកពាក់ពន្ធ័ជាមួយជីវិតយើង ដូច្នោះគួរមើលសងេ្កតអោយជាក់សឹម លង់ ស្រលាញ់ នោះការសំរេចពិតជាមិនស្ពាយក្រោយទេ។

ស្តាប់នារីៗរៀបចំផែនការ និងគោលដៅឆ្នាំថ្មី

ឆ្នាំចាស់ បានកន្លងផុតទៅ ឆ្នាំថ្មីក៏ចូលមកដល់។  មានរឿងរ៉ាវជាច្រើន ដែលយើងបានជួបប្រទះមិនថា គ្រួសារ ការសិក្សា ស្នេហា ការងារ មិត្តភក្តិ។ នៅពីក្រោយខ្នងបុគ្គលជោគជ័យមួយចំនួន គឺពួកគេ តែងតែឆ្លៀតពេលបន្តិចបន្តួចអង្គុយ ឆ្លុះបញ្ចាំងពីមេរៀនឆ្នាំចាស់ នឹងត្រៀមរៀបចំផែនការជីវិតថ្មីៗអោយបានល្អជាងឆ្នាំមុខៗ។

ជាការពិត វាមិនគ្រាន់តែជាលំហាត់ប្រាណខួរក្បាលប៉ុណ្ណោះទេ តែវាជាឧបករណ៍មួយដើម្បីតឿនសតិ និង ត្រៀមលក្ខណៈអោយហើយជាមុន ក្នុងការប្រឈមមុខនឹងរឿងថ្មីៗរាប់ទាំងរឿងវិជ្ជមាន និងអវិជ្ជមាន ដែលអាចនឹងកើត ។ ថ្ងៃនេះ ខ្ញុំបានជួបជាមួយនារីជាច្រើននាក់ ដែលកំពុងមានគំរោងដើម្បីឆ្ពោះទៅលើគោលដៅរបស់គាត់ នាឆ្នាំថ្មី តោះអានពីអ្វីដែលគាត់កំពុងគិតតិចមើល៖

ក្នុងឆ្នាំថ្មីនេះ ខ្ញុំមានគំរោងថានឹងស្វែងរកការងារបន្ថែម២ឬ៣ទៀត (ការងារបង្រៀនភាសាថៃតាមផ្ទះ) ព្រោះរាល់ថ្ងៃ ខ្ញុំ បានបង្រៀនគេ ប្រហែល ៤ខែហើយ ដើម្បីដកពិសោធន៍ ណាមួយចង់រកប្រាក់ចំនូលបន្ថែមទៀតដើម្បីបន្ធូរបន្ទុកគ្រួសារ ជាពិសេសចង់បញ្ជាក់ឲ្យលោកអ្នកមានគុណដឹងថា កូនស្រីដ៏តូច ម្នាក់នេះអាចចិញ្ចឹមខ្លួនឯងបានហើយ ។ នេះជាគំរោងជាក់លាក់មួយ របស់យុវតី សាន សុដានិក និស្សិតដេប៉ាតេម៉ងភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស ហើយកាត់ថា IFL ដែល កំពុងព្យាយាមពង្រឹងក្តីស្រមៃ អោយក្លាយជាការពិត។sodanek

យុវតីម្នាក់ទៀត ឈ្មោះ សេង ស្រីអូន និស្សិតផ្នែកពត៌មានវិទ្យានៃសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ក៏កំពុងលុតដំជំនាញនាងអោយកាន់តែខ្លាំងផងដែរ នោះគឺ ការសរសេរកូដ ជាកម្មវិធីមូយដើម្បីដំណើរការក្នុងហាងលក់សៀវភៅមួយកន្លែង។ នាងជឿជាក់ថា នាងអាចធ្វើបានតែលុះត្រាតែមានមិត្តភក្តិសហការបន្ថែម។sreyaun

ងាកទៅ កញ្ញា យី លុយហ៊ាង អាយុ២៥ឆ្នាំ ជាបុគ្គលិកអង្គការសង្គមស៊ីវិល បានបង្ហាញ គោលដៅច្បាស់លាស់ក្នុងឆ្នាំ២០១៧ ថា ខ្ញុំចង់ប្រឡងយកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស និងគោលដៅទី២ ធ្វើការនៅអង្គការសង្គមស៊ីវិលខ្នាតអន្ដរជាតិ ។ រាល់គោលដៅទាំងពីរនេះ ខ្ញុំកំពុងបំប៉នភាសាអង់គ្លេសខ្លួនឯងបន្ថែមទៀត នៅមជ្ឍមណ្ឌល អូស្រ្តាលីដើម្បីការបណ្តុះបណ្តាល (ACE)  ហើយជាពិសេសការដាក់អាហារូបករណ៍ទៅក្រៅប្រទេសគេទាមទារនិស្សិតមានបទពិសោធន៍យ៉ាងតិចក៏២ឆ្នាំដែរ ការងារនៅតាមអង្គការសង្គមស៊ីវិល ការងារសង្គមជាដើម ដូច្នេះខ្ញុំបានពង្រឹងសមត្ថភាព និងសិក្សារៀនសូត្របន្ថែមពីការងារដែលខ្ញុំកំពុងធ្វើ។lyheng

ស្រដៀងគ្នានឹងដែរ កញ្ញា ចាន់ចរិយា វ័យ ២៣ឆ្នាំ ជាមន្ត្រីទំនុកបម្រុងកុមារ នៅអង្គការឆាលហ្វានកម្ពុជា បានលើកគំរោងដែលនាងកំពុងត្រៀមទុកនោះថា ឆ្នាំនេះ ខ្ញុំត្រូវខំរៀនអោយខ្លាំង ដើម្បីបានពិន្ទុល្អនៅថ្នាក់អនុបណ្ឌិតគ្រប់គ្រងសាធារណៈនៅសកលវិទ្យាល័យ កម្ពុជា ហើយប្រាកដថា ខ្ញុំមានពិន្ទុខ្ពស់ដើម្បីដាក់អាហារូករណ៍នៅក្រៅប្រទេស នឹងពង្រឹងសមត្ថភាពបន្ថែមដើម្បីឈោងចាប់តំណែងការងាខ្ពស់ជាងហ្នឹង។chickya

ចំនែកឯយុវតី នាង សេងហុង វ័យ ១៩ ឆ្នាំនិស្សិតផ្នែកច្បាប់នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដនិងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ក៍កំពុងមានគំរោងផ្លាស់ប្តូរបទពិសោធន៍វប្បធម៌នៅឯប្រទេសជប៉ុន នាងក៏មិននៅស្ងៀមដែរ នាងបានសិក្សាស្រាវជ្រាវស្វែងយល់ពីប្រទេសជប៉ុន  ជាពិសេសនាងចាំបាច់ត្រូវសន្សំលុយប្រមាណ ៦០០ដុល្លារ ពីការងារក្រៅម៉ោងរបស់នាង។senghong

មិនថា បំណងនារីៗខាងលើទទួលបានផ្លែផ្កាល្អកំរិតណា តែ កញ្ញា ជូនពរពួកគេ ឲ្យ សម្រេចបំណងទាំងនោះ ដោយជោគជ័យ។ ចុះអ្នកវិញ រៀបចំគំរោងបែបណា ដើម្បីជីវិតកាន់តែមានអត្ថន័យក្នុងឆ្នាំថ្មីនេះ?

អារម្មណ៍ជាម្តាយ

អារម្មណ៍ពេលដឹងថាមានកូន

មុនពេលដឹងថា មានទម្ងន់ជិតក្លាយជា ម្តាយគេ ខ្ញុំកំពុងមាន បេសកម្មរៀនសូត្រ ផ្នែកផលិតភាពយន្តឯកសារ ជាមួយ ក្រុមការងារទូរទស្សន៍ មកពី ប្រទេសកូរ៉េ (MBC)។  រយៈពេលមួយខែកន្លះ ជាមួយក្រុមការងារបរទេសនេះ គឺត្រូវចុះខេត្តរាល់ថ្ងៃ។ ពេលនោះគឺថា ខ្ញុំពុលឡានខ្លាំង ខ្ញុំត្រូវដេកក្នុងឡានតាមផ្លូវរហូតដល់កន្លែងចុះសម្ភាសន៍។ ឈឺក្បាលមិនឈប់ នឹកចង់ញុំាអ្វីដែលជូរៗ។ អ្វីដែលចម្លែក គឺ ខ្ញុំនឹកប្តីខ្ញុំមែនទែន។

ពេលហ្នឹង ប្តីខ្ញុំ មិននៅភ្នំពេញទេ គឺគាត់កំពុងនៅ ប្រទេសស្វីស ក្នុងពេល ចុះ កម្មសិក្សា ផ្នែកផលិតភាពយន្ត រយៈពេល ២០ថ្ងៃ។ ដោយមាន ប្រថ្នូលក្នុងចិត្ត ខ្ញុំក៏សម្រេចចិត្ តទិញឧបករណ៍វាស់ទឹកនោម មកពិនិត្យមើល។ លទ្ធផលចេញមក គឺ សញ្ញាទ្រេពីរ ពណ៌ក្រហម។
ពុទ្ធោ ! ខ្ញុំមានទម្ងន់ហើយ ! ជយោ !!!តើខ្ញុំត្រូវប្រាប់ប្តីដោយរបៀបណា? គួរតែចាំគាត់ត្រលប់មកវិញ ឬប្រាប់គាត់តាមឡាញ!?

ដំបូងខ្ញុំមិនទាន់ប្រាប់គាត់ ទេ ខ្ញុំគ្រាន់តែប្រាប់ថាចង់ញាំអីជូរៗ ។ ខ្ញុំនៅបន្តលាក់ ព្រោះចង់ឲ្យប្តីភ្ញាក់ផ្អើល។ និយាយចុះឡើង ខ្ញុំក៏ធ្លោយដល់បង្ហាញឧបករណ៍វាស់ទឹកនោម ដែលមានលទ្ធផលស្រាប់។ គាត់សប្បាយចិត្តយ៉ាងខ្លាំង ហើយប្រាប់ខ្ញុំថា គាត់ចង់មកកម្ពុជាវិញឆាប់ៗ។

ពេលគាត់ត្រលប់មកវិញ ខ្ញុំហាក់បីដូចជា ម្ចាស់ក្សត្រីចឹង។ ប្តីខ្ញុំថ្នាក់ថ្នម លួងលោម មិនឲ្យអន់ចិត្ត ប៉ូវប្រពន្ធ ឲ្យញុំានេះញុំានោះ មិនឲ្យរំលង ប្រសិនបើខ្ញុំចង់។ មិនថា តែប្តីទេ សូម្បីតែអ្នកលក់នំបញ្ចុកយួន ដែលខ្ញុំធ្លាប់រងចាំវេនម្តង មួយម៉ោង ឬកន្លះម៉ោង ក៏ប្តូរចិត្តដាក់អោយខ្ញុំមុនគេដែរ។ មិត្តរួមការងារ ចាប់ផ្តើមមើលខ្ញុំក្នុងន័យ អាទិភាព។ ឧទាហរណ៍ បើមានអីញុំា ត្រូវឲ្យចំនែកខ្ញុំលើសគេ។

poy-poy-2016-3

ភាពប្រែប្រួល

ក្នុងពេលទម្ងន់ ខ្ញុំឃ្លានស្ទើរគ្រប់ពេល ហើយអាចញាំបានស្ទើរគ្រប់មុខ មិនរើសចំណីទៀត ស្អីក៏ញុំាដែរ បង្អែម ផ្លែឈើ (ទំពាំងបាយជូរ មៀន ទៀប សាវម៉ាវ) បាយកក មីឆា នំបញ្ចុក បបរ លតឆា…។ ក្លិនម៉្យាង ដែលមិន ចូលចិត្តខ្លាំង គឺ ក្លិនត្រី មិនថា រូបរាង និង ក្លិន ឲ្យតែធុំហើយ ចេះតែចង់ក្អួត។ បើនិយាយពី គីឡូវិញ មុនពេល មានទម្ងន់ ត្រឹមតែ ៤៨គីឡូក្រាមទេ តែពេលនេះ គឺ ៦២គីឡូក្រាមហើយ។ កាលពីនៅក្រមុំ ទម្ងន់ជាង ៤០គីឡូ ហើយ មុនរៀបការប្រហែល ៤៤គីឡូ តែពេលមានទម្ងន់ មិននឹកស្មានថា ឡើងដល់ថ្នាក់ហ្នឹងទេ។

អាលូវខ្ញុំក៏មានរហស្សនាមថ្មី ដែរ គឺ «អូនប៉ោង»!! ដូចជា ពេញចិត្តឈ្មោះហ្នឹងដែរ ព្រោះរាល់ ពេល មិត្តរួមការងារ មិត្តរួមថ្នាក់ និងមិត្តភក្តិ ហៅម្តងៗ មានអារម្មណ៍ថា ជាពាក្យបង្ហាញថា ពួកគេចូលចិត្ត ភាពទ្រលុកទ្រលុន នៃសាច់ឈាមថ្មីរបស់ខ្ញុំ។

តែសម្រស់ខ្ញុំ ហាក់ផ្លាស់ប្តូរដូចគ្នា ប្តូរពីសម្បុរ ស ទៅ សម្បុរខ្មៅ។ មុនកើតលើមុខ ឡើងក្តាំងតែម្តង ច្រមុះរាងធំ និងរីក កញ្ចឹងក ក៏ប្រែខ្មៅ និយាយរួមគឺ មិនសូវស្អាតទេ ដល់ថ្នាក់ខ្ញុំអៀនខ្លួនឯង មិនហ៊ានចេញមុខអានពត៌មាននៅ ប៉ុស្តិ៍ទូរទស្សន៍ ស៊ីអិនស៊ី ទៀត។ តែយ៉ាងណា ខ្ញុំនៅអានព័ត៌មាន និងបង្ហាញមុខលើទូរទស្សន៍រហូតដល់ ផ្ទៃពោះអាយុ ៧ខែដែរ ទើបដាច់ចិត្តឈប់ ព្រោះស្តាយពេលវេលា និងចង់បានចំណូលខ្លះបន្ថែមទៀត។

poy-poy-2016-4

ជំងឺកំឡុងពេលមានផ្ទៃពោះ

ឃើញមាឌល្អិតចឹងទេ តែក្នុងខ្លួនផ្ទុកជំងឺច្រើនណាស់។ លើកទីមួយ កើតបូសនៅក្លៀកធំណាស់ ក៏ប្រញាប់ទៅសួរគ្រូពេទ្យ។ ពេទ្យថា ជាអាការៈប្លែកៗ ពេលមានកូនដំបូង ខ្ញុំក៏ទិញផ្កាស្មៅនៅ ពេទ្យចិនសែ មកបិត ( មានប្រសិទ្ធិភាព ដោយមិនបាច់លេបថ្នាំ) ។ លើកទីពីរ គឺ ផ្តាសាយ ធ្ងន់បន្តិចហើយ សុខៗស្រាប់តែ ក្អកផង ផ្តាសាយផង ក្នុងខែទី ៤ ក្អករញ្ជួយដល់កូន អាណិតគ្នាពេក ក៏សម្រេចចិត្តទៅពេទ្យទៀត។ ពេទ្យអនុញ្ញាតឲ្យលេបថ្នាំ គាត់ថា ជាការពិត ស្ត្រីមានផ្ទៃពោះ គឺត្រូវប្រយត្ន័មិនអោយញុំាថ្នាំផ្តេសផ្តាស តែក៏មិនមែនញុំាថ្នាំមិនបាន។ ដូច្នេះ មួយកញ្ចប់នេះ ញុំា ទៅ នឹងជាហើយ។ ជាមែនដូចពេទ្យប្រាប់ ទាំងលេបថ្នាំមិនអស់ផង ។ ខ្ញុំសម្រេចមិនលេបថ្នាំដោយសារ សុខភាពបានធូរស្រាលហើយ។ លើកទីបី គឺ មានកន្ទួលរមាស់នៅលើស្បែក។ ចំណាំបានថា ត្រូវញុំាថ្នាំទំលាក់សត្វល្អិត ចុះពេលមានកូន អាចញាំបានអត់ ? ពេទ្យថា គួរតែញុំា ព្រោះពេលកើតកូន មកអាចមានបញ្ហា កូនមានជំងឺប្លែកៗ ជាច្រើន បើម្តាយមិនលេបថ្នាំទម្លាក់សត្វល្អិត។ ចឹងហើយ  លេបថ្នាំទៀត ! លើកទីបួន គឺ ឈឺត្រចៀក កំរិតស្តាប់អីលែងលឺ។ លើកនេះ បានពិគ្រោះយោបល់ជាមួយ គ្រូពេទ្យសម្ភពចិត្រា។ ពេទ្យនេះពិនិត្យខ្ញុំឡើងអស់អាចម៍អស់នោម។ ពិនិត្យតាំងពីសម្ពាធឈាម ទឹកនោម បំពង់ក ត្រចៀក ចុងក្រោយ គឺពិនិត្យឈាម។ ក្រោយពិនិត្យ ពេទ្យផ្តល់ថ្នាំមួយកញ្ចប់ ថ្នាំទឹកបន្តក់ត្រចៀកមួយដប គិតលុយ អស់ ជិត ៥០ដុល្លារ។ ស្តាយលុយដល់ហើយ នឹកមិនឃើញថា ពេទ្យធានារ៉ាប់រង ក៏មានសេវាពិនិត្យ ត្រចៀកដែរ។តែយ៉ាងណា សុខភាពម្តាយធូរស្រាលជាងមុនឆ្ងាយ។ នៅសល់តែ ពីរ សប្តាហ៍ទៀតទេ ខ្ញុំនឹងក្លាយជា ម្តាយគេ ពេញសិទ្ធិហើយ សង្ឃឹមថា ខ្ញុំនឹងមិនឈឺអីទៀតទេ អាណិតកូនណាស់ ដែលម្តាយវា ប្រហែសលេបថ្នាំ តាំងពីគ្នានៅតូច មិនទាន់ដឹងអីនៅឡើយ។

poy-poy-2016-2

ខ្ញុំអាចធ្វើបាន កំឡុងពេលពពោះ?

មិនអួតអាងអីទេ ឥទ្ធិពលកូនខ្ញុំហាក់ធ្វើឲ្យខ្ញុំមានកំលាំងខុសពីធម្មតា និងមានមហិច្ឆតាចង់ធ្វើអ្វីជាច្រើន។ ពេលខ្លះចង់សំរុកធ្វើឲ្យរួចរាល់ឆាប់ៗ «ចិត្តក្តៅម្ល៉េះអូនប៉ោង !?»។

ការងារដែលខ្ញុំមិនដែលរំលង និងបន្តធ្វើសព្វថ្ងៃនេះ គឺការបន្តទៅសាលារៀន (បរិញ្ញាបត្រភាសាថៃ នៅ វិទ្យាស្ថានភាសាបរទេស និង ថ្នាក់សារពត៌មាន នៅ បញ្ញាសាស្ត្រ) ។ មកទល់ខែទី៨ នេះ ខ្ញុំអាចនៅធ្វើការងារជាអ្នកកាសែតនៅឡើយទេ រាប់ទាំងរកភ្ញៀវសំភាសន៍ក្នុងកម្មវិធីវប្បធម៌យើង ផលិតបទយកការណ៍ និងសរសេរពត៌មានសេដ្ឋកិច្ចជាដើម។ ជាងនេះទៅទៀត ខ្ញុំអាច ចូលរួមសិក្ខាសាលា និងមានឱកាសទទួលយកការអប់រំផ្សេងៗទៀត ដូចជា ហាត់ប្រាណនៅ ថ្នាក់យូហ្គា និងហ្វឹកហាត់ដង្ហើមរយៈពេលមួយខែ (ខែទី ៨) ។ ខ្ញុំអាចទៅផ្សារទិញម្ហូប ទិញឥវ៉ាន ឲ្យកូនមុនពេលកើត។ យួរម្តងៗឡើងវៀរចង្កេះដែរហ្នឹងណា (នៅតែមិនទាន់គ្រប់ទៀត)។ មានអ្វីពិសេសមួយទៀត ដែលខ្ញុំអាចធ្វើបាន គឺជិះរថយន្ត ទៅតាមខេត្តជាច្រើន ដើម្បី ដូចជា (ព្រៃវែង តាកែវ កំពង់ចាម បាត់ដំបង ពោធិសាត់ សៀមរាប កំពត កំពង់សោមជាដើម)។

poy-poy-2016-1

គេនិយាយអ្វីខ្លះពីខ្ញុំ?

ទាំងពាក្យសរសើរ និង ពេបជ្រាយ មានដំណាលគ្នា ! ពេលខ្ញុំត្រូវជិះម៉ូតូទៅធ្វើការរាល់ថ្ងៃ អ្នកខ្លះសរសើរថា ពូកែមែន ! មានទម្ងន់ហើយ ជិះម៉ូតូបាន ដោយមិនមានបញ្ហាអ្វីទៀត ! អ្នកខ្លះបង្អាប់ថា មានប្តីហើយម៉េចមិនឲ្យគាត់ឌុបមកធ្វើការ !? ការពិតចង់ប្តី ឌុបមកធ្វើការងារដែរ ព្រោះពេលជិះ ម្នាក់ឯងម្តងៗ ភ័យមិនស្ទើរទេ ពិសេសពេលឡានធំៗ គាត់ជិះក្បែរ។ តែដោយសារ ជីវភាព និងចំណូលប្រចាំខែ ពួកយើងត្រូវសម្រេចចិត្តចែកជើងគ្នាទៅធ្វើការរៀងខ្លួន។ ខ្ញុំ មិនខឹងគាត់ទេ គ្រាន់តែ ក្នុងចិត្តគិតថា បើមានឡានមួយជិះទៅធ្វើការ មិនដឹងជាល្អយ៉ាងណាទេ !?។ ណាមួយខ្ញុំក៏ក្បាលរឹងផង ព្រោះប្តីឲ្យ ឈប់សម្រាកតាំងពីមានផ្ទៃពោះចូល ៨ខែ តែលូវជិត ៩ខែ ឬនិយាយរួមជិតកើតហើយ ខ្ញុំនៅតែបង្ហាញមុខនៅកន្លែងធ្វើការទៀត ដល់ថ្នាក់មិត្តរួមការងារបង្អាប់ថា ល្មមសម្រាកថ្នមខ្លួនហើយ តិចកើតកូន ស្រែកង៉ា នៅកន្លែងធ្វើការ ។

poy-poy-2016-1

មានបញ្ហាអ្វីខ្លះដែលកើតឡើងចំពោះខ្ញុំ?

ទំនួលខុសត្រូវ និងជួយសងបំណុលបងបុ្រស ជិតពីរឆ្នាំហើយ នៅតែបន្តមិនទាន់ឈប់ឈរ។ មិនមែនបំណុលមួយមុខ តែមានការចំណាយទូទៅក្នុងផ្ទះបន្ថែមទៀត សម្រាប់ជំនួសដៃជើង ម្តាយខ្ញុំ ដូចជា អាហារហូបចុក, ថ្លៃភ្លើង ថ្លៃទឹក ថ្លៃសាលាក្មួយ ថ្លៃផ្សេងៗ ដែលម៉ាក់តែងរអ៊ូប្រាប់ខ្ញុំ ទោះបីជាគាត់មិនបានសុំឲ្យជួយ តែខ្ញុំមានអារម្មណ៍ ដូចជា កាំបិតសៀតចាក់ចំដង្ហើម។ ចឹងហើយ បើខ្ញុំមិនជួយ ខ្ញុំជាកូនអកតញ្ញូ  នៅពេលដែលបងប្រុសពីរនាក់របស់ខ្ញុំ បន្តធ្វើបាបម្តាយខ្ញុំទាំងចិត្ត និងដាក់បន្ទុកហិរញ្ញវត្ថុ។ គាត់រីងរៃរាប់ឆ្នាំមកហើយ ខ្ញុំមិនហ៊ានធ្វើឲ្យគាត់ខូចចិត្តទេ។
ពេលខ្លះ ខ្ញុំតានតឹងក្នុងចិត្ត ដល់ថ្នាក់មមើមើល ដេកមិនលក់។ ជួនកាលដកដង្ហើមមិនដល់គ្នា រកកលចង់ដួលម្តងៗ និងពេលខ្លះទៀត ចង់គិតខ្លី ។ តែគិតៗទៅ ខ្ញុំមានប្តីដែលគួរឲ្យស្រលាញ់ លើកទឹកចិត្ត ថ្នាក់ថ្នមខ្ញុំស្ទើរមិនឲ្យខ្វះចន្លោះ( បុរសល្មមៗមិនស្មើប្តីខ្ញុំទេ) និង កំណើតបុរសម្នាក់ទៀត ដែលធ្វើឲ្យខ្ញុំរឹងមាំ គឺ «កូនវរ្ម័ន»។

poy-poy-2016-2

ជិតឆ្លងទន្លេចឹងមានអារម្មណ៍មិចដែរ?

«ភ័យខ្លាំង» !!! ព្រោះត្រូវប្រឈមមុខនឹង ការឈឺចាប់រយៈពេលយូរ ដូចពាក្យចាស់ថា ទម្រាំតែឆ្លងទន្លេបានកូនមួយ មិនមែនជារឿងងាយស្រួល ហែរឆ្លងទេ។ មានឧបសគ្គជាច្រើន !? ចប់ហើយខ្ញុំ មិនដឹងជាអាចទប់ទល់រួច ឬយ៉ាងណា? រាល់ថ្ងៃមានតែហាត់ប្រាណ ដើរ តាំងសមាធិ និងហាត់ចិត្តថា កើតកូនគឺស្រួលណាស់។ តែទម្លាប់អាក្រក់របស់ខ្ញុំ គឺ មួយថ្ងៃកាត់មួយថ្ងៃកោរ នឹកឃើញធ្វើ និង អត់នឹកឃើញ គឺមិនបានហាត់ប្រាណ ហាត់កីឡា ញឹកញាប់នោះទេ។ ចឹងហើយទើប ប្តីស្តីឲ្យតែញឹក !
ពេលប្តី ធ្វើឲ្យខឹងម្តងៗ ចង់តែឲ្យទេវតាជប់ គាត់ពពោះជំនួសម្តង ទើបដឹងថា មានអារម្មណ៍យ៉ាងណា ? មិនមែនជារឿងធម្មតាទេ ! ដែលក្មេងស្រីតូចទាបមួយ ប្រើស្បែកពោះទ្រប្រុសក្មេងម្នាក់ទៀត ៩ខែ ១០ថ្ងៃនោះ ។ តែម្យ៉ាងដែរ តាំងពីមានកូនក្នុងផ្ទៃមក ប្តីខ្ញុំបានបំពេញការងារជា អ្នកលួងលោមបែបស្តង់ដាអន្តរជាតិ មិនសូវធ្វើឲ្យ ខ្ញុំអន់ចិត្តដូចកាល នៅក្រមុំទេ។ តើក៏ចោទដែរថា មូលហេតុដែលគាត់ធ្វើចឹង មកពីស្រលាញ់កូនជាងខ្ញុំទេដឹង !? មិនសុខចិត្តទេ ត្រូវតែស្រលាញ់ឲ្យស្មើគ្នាណា…

សារចុងក្រោយ ៖  មនុស្សនៅលើពិភពលោក សុទ្ធតែដឹងឮថា ជីវិតមនុស្សស្រី ត្រូវមានសំពាធរ៉ាប់រងជាច្រើន និងទំនួលខុសត្រូវមិនខុសពីបុរស។ ប៉ុន្តែពួកគេនឹងមានក្តីសុខគ្រប់គ្រាន់ ប្រសិនជាពួកគេមានអ្នកស្រលាញ់ គាំទ្រ លើកទឹកចិត្ត នឺងតែងតែនៅក្បែរជានិច្ច ។ បច្ចប្បន្ន អ្នកដែលខ្ញុំរៀបរាប់ខាងលើកំពុងតែអនុវត្តនូវតួនាទីជាកំលាំងមួយ ដែលធ្វើឲ្យខ្ញុំរឹងមាំដើរទៅមុខដោយមិនរួញរា។

Look up and smile, cause life is beautiful.